អតីត​​ម្ចាស់​ពាន​លេខ​២​ទូទាំង​ប្រទេស​ផ្នែក​ចាប៉ី​ដង​វែង​​ ធ្លាក់​ខ្លួន​សុំទាន​ (Video Clip)

Loading...

​រាជធានី​ភ្នំពេញ៖ ជា​រឿង​មួយ​ដែល​គួរ​ឲ្យ​សង្វេគ​ និង​គួរ​សោក​ស្ដាយ​ជា​ខ្លាំង ​ដែល​អ្នក​​មាន​ សមត្ថភាព​ជា​សិល្បៈ​​ជើងចាស់​មួយ​ចំនួន ​ត្រូវ​បាន​មហាជន​បំភ្លេច​ចោល ​ហើយ​ចុង​ក្រោយ​ជីវិត​របស់​អ្នក​ទាំងនោះ​ ត្រូវ​រស់​នៅ​ដោយ​គ្មាន​ទីពឹង​​ តួយ៉ាង​ដូចជា​លោកតា​ សួន សាន​ នេះ​ជា​ដើម។ ​មិន​នឹក​ស្មាន​ថា​កេរ្តិ៍​ឈ្មោះ​ និង​ពានរង្វាន់​ដែល​គាត់​ធ្លាប់​មាន ធ្លាប់​កាន់ ​តែ​ត្រូវ​ធ្លាក់ខ្លួន​មក​ជា​អ្នក​សុំទាន តាម​ថ្នល់​ជា​របរ​ចិញ្ចឹម​ជីវិត​ទៅវិញ។

​អង្គុយ​នៅ​លើ​រទេះ ដោយ​មិន​អាច​ដើរ​បាន​ មាត់​ដែល​គាត់​ធ្លាប់​តែ​ស្រែក​ច្រៀង​ចម្រៀង​ទំនុក​ចាប៉ី ពេលនេះ​គាត់​ប្រើ​មាត់​របស់​គាត់​ហា​​សុំ​លុយ​គេ​​ ដៃ​ដែល​គាត់​ធ្លាប់​តែ​កេះ​ចាប៉ី​ដោយ​ភាព​ប៉ិន​ប្រសព្វ​ តែ​ពេល​នេះ​ គាត់​ប្រើ​ដៃ​របស់​គាត់​​លើក​សំពះ​សុំ​លុយ​គេ!​​ ចុះ​ឯណា​ពាន​របស់​គាត់ និង​កេរ្តិ៍​ឈ្មោះ​​ដែល​គាត់​ធ្លាប់​ទទួល​បាន​ ហេតុ​អី​មិន​ជួយ​យឹតយោង​គាត់នៅ​គ្រា​នេះ​ផង? តើ​គួរ​បន្ទោស​អ្នក​ណា? ឬ​មក​ពី​គាត់​ដែល​មិន​ចេះ​រៀបចំ​ខ្សែ​ជីវិត?

​ក្នុង​វីដេអូ​ដែល​មាន​ប្រវែង​របស់​ជាង​ពីរ​នាទី​ ត្រូវ​បាន​គេ​បង្ហោះ​ និង​ចែកចាយ​ស្ទើរតែ​គ្រប់​បណ្តា អ្នកប្រើប្រាស់​ហ្វេសប៊ុក ​លោក​តា​ សួន សាន គាត់​បាន​អះអាង​ថា គាត់​គឺ​អតីត​អ្នកចម្រៀង​ចាប៉ី​ដង​វែង​ដែល​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​២ ហើយ​គាត់​ធ្លាប់​ទៅ​ច្រៀង​នៅ​ប្រទេស​ចិន ហើយ​ចុង​ឆ្នាំ​២០១៧នេះ ​គាត់​ត្រូវ​ទៅ​ច្រៀង​ទៅ​ប្រទេស​អង់គ្លេស​ទៀត​ផង​។ តែ​គួរ​ស្តាយ​ពាន​ដែល​គាត់​ទទួល​បាន​នោះ គាត់​ថា បាត់​ទៅ​ហើយ​។​

តែ​អ្វី​ដែល​ជា​បញ្ហា​សម្រាប់​រូប​គាត់​ពេលនេះ គឺ​ជីវភាព​របស់​គាត់​តែ​ម្តង ណាមួយ​ជើង​របស់​គាត់​មិន​អាច​ដើរ​បាន​ទៀត​នោះ​ទេ គាត់​ត្រូវ​ការ​ជិះ​រទេះ​ក្នុង​ការ​បម្លាស់ទី​ដើម្បី​រក​សុំទាន។ ដូចនេះ​តើ​ក្នុង​នាម​យើង​ជាខ្មែរ​ដែល​តែងតែ​ហា​មាត់​ថា​ ស្រលាញ់​ណាស់​សិល្បៈ​វប្បធម៌​ខ្មែរ គួរតែ​ទុក​បណ្ដោយ​ឲ្យ​ជីវិត​របស់​លោកតា​ដែល​ជា​មរតក​ជើងចាស់​របស់​ខ្មែរ​ នៅ​ដើរ​សុំទាន​គេ​បន្ត​ទៀត​ឬ​យ៉ាងណា? បើ​បង​ប្អួន​មាន​សទ្ធា​សូម​ទាក់ទង​ទៅ​កាន់​គាត់​ដោយ​ផ្ទាល់​តាម​រយៈ លេខ​ទូរស័ព្ទ​របស់​គាត់​ ០១២ ៣៣​ ៥០ ៣៤៕ប្រភព៖ kqube


Loading...