រថយន្ត​ឡិចសីុស​៥៧០ឈប់ភ្លើងស្តុប ម៉ូតូ​ស្រវឹង​ល្បឿន​លឿន​មិនឈប់​ បុក​រថយន្ត​ស្លាប់​ខ្លួន​ឯង​

Loading...

ភ្នំពេញ៖ ​កាលពី​វេលា​ម៉ោង១រំលងអធ្រាត្រ​ថ្ងៃទី១១មករា ២០១៧នេះ នៅតាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម នៅ​ចំណុច​មុខ​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង ស្ថិតនៅក្នុង​សង្កាត់​ផ្សារ​ចាស់ ខណ្ឌដូនពេញ ។ ដោយមានជនរងគ្រោះ​ម្នាក់បានស្លាប់​ឈ្មោះ ស៊ីម សុភ័ក្ត្រ ភេទ​ប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅ​ម្តុំ​រង្វង់​មូល​ទួលគោក សង្កាត់​បឹងកក់២ ខណ្ឌទួលគោក ។

ប្រភពឲ្យដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក NLAJESLY ពណ៌​ស អត់​មាន​ស្លាក​លេខ ធ្វើដំណើរ​តាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ខណៈពេល​មកដល់​ចំណុចកើតហេតុ​មុខ​មន្ទីរពេទ្យ​ព្រះ​អង្គឌួង ដោយសារ​ជនរងគ្រោះ​ស្រវឹងស្រា​ផង បើក​ម៉ូតូ​លឿន​ផង ស្រាប់តែ​ជ្រុល​ទៅបុក​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX ៥៧០ ពណ៌​ខ្មៅ ដែល​កំពុង​ឈប់​រង់ចាំ​ភ្លើងស្តុប​ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​ដួល​បោក​ក្បាល​រងរបួស​ធ្ងន់ធ្ងរ បន្ទាប់មក​ក៏​ស្លាប់​នៅនឹងកន្លែង​កើតហេតុ ចំណែកឯ​ម៉ូតូ​ខូចខាត​ខ្ទេច​មួយ​កំណត់​ខាងមុខ រីឯ​រថយន្ត​ឡិច​ស៊ី​ស៥៧០បាន​បើក​ចេញទៅ​បាត់ បន្សល់ទុក​ជនរងគ្រោះ​នៅ​កន្លែងកើតហេតុ ។

ជនរងគ្រោះ​សល់​តែ​ដង្ហើមចង្រិត មិនបាន​ដឹកយក​ទៅ​ព្យាបាល​ទេ ដោយ​​មាន​បុរស​ស្រវឹងស្រា​ម្នាក់​ទៀតបាន​ជិះ​ម៉ូតូ​មកដល់​កន្លែងកើតហេតុ​អះអាងថា​ខ្លួន​ត្រូវជា​មិត្តភក្តិ​របស់​ជនរងគ្រោះ បាន​ជេរ​រថយន្ត​សង្គ្រោះ​ដែល​មិន​ព្រម​ដឹក​ជនរងគ្រោះ​យកទៅ​ព្យាបាល ទុក​ទាល់តែ​ជនរងគ្រោះ​ស្លាប់​ ខណៈ​បុរស​ម្នាក់​នេះ​និយាយ​វិលចុះ​វិលឡើង​ព្រោះ​ឥទ្ធិពល​ស្រា​៕ប្រភព vd7

Loading...