ថ្ងៃបុណ្យណូអែល ស្រីៗចង់បានអ្វីពីមនុស្សដែលនាងស្រឡាញ់?

Loading...
Loading...

មនុស្សពីរ​នាក់​ស្រឡាញ់​គ្នា តែង​ចង់​បង្ហាញ​ពី​ទំហំ​នៃ​ក្ដី​ស្រឡាញ់​របស់​ខ្លួន​មិន​ថា​តាម​រយៈ​មធ្យោបាយ​ណា​នោះ​ទេ ជា​ពិសេស​ក្នុង​ឱកាស​ល្អ​មក​ដល់។ អីចឹង​ តើ​បុរសៗ​មាន​ដឹង​អត់​ថា ស្រីៗ​ចូលចិត្ត​អ្វី​ជាង​គេ ហើយ​នាង​ចង់​បាន​អ្វី​ខ្លាំង​បំផុត? មិន​ពិបាក​គិត​ទេ ឥលូវ​នេះ​មាន​ស្រីៗ​បង្ហើប​ពី​អ្វី ដែល​នាង​ចង់​បាន​ខ្លាំង​ក្នុង​ថ្ងៃ​បុណ្យ​ណូអែល​ហើយ។

១.តុក្កតាធំៗ

“កាដូដែលខ្ញុំចង់បានបំផុត គឺតុក្កតាធំៗ ជាពិសេសតុក្កតាខ្លាឃ្មុំ រោមក្រាស់ៗ ព្រោះបានគេងឱប ពេល​យប់​ឡើង”។ នេះ​ជា​ការ​លើក​ឡើង​របស់ រាជនី ជា​សិស្ស​ដែល​កំពុង​សិក្សា​នៅវិទ្យាល័យបាក់ទូក។ រាជនី បន្ត​ទៀត​ថា មិន​ចំពោះ​តែនាងទេ ដែល​តែង​ប្រាថ្នា​ចង់​បាន តុក្កតាធំៗ គឺមនុស្ស​ស្រី​ភាគ​ច្រើន​បំផុត តែង​ចង់​បាន​កាដូ​នេះ ព្រោះ​នាង​គិត​ថា ម្នាក់​នោះ​ស្រឡាញ់​នាង​ខ្លាំង ហើយ​ជា​កាដូ ដែល Surprise ខ្លាំង។ តែ​ចុង​ក្រោយ រាជនី និយាយ​ថា “មិន​ដឹង​ឆ្នាំនេះ​បាន​កាដូ​ហ្នឹង​អត់ទេ​បង​អើយ”។

២.ខ្សែដៃ ឬខ្សែក

រចនា និស្សិត​ច្បាប់​ភាសា​អង់គ្លេស នៅ​សាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ​និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បាន​លើក​ឡើង​ថា ស្រីៗ​ដែល​រៀន​នៅ​សាកលវិទ្យាល័យ ខុស​ពី​ស្រីៗ​ដែល​រៀន​នៅ​វិទ្យាល័យ ​ចង់​បាន​តុក្កតាធំៗ ព្រោះ​ធម្មតា​ឡើង​មក​រៀន​ដល់​សាកល​វិទ្យាល័យហើយ អារម្មណ៍​មិន​ដូច​ពី​ក្មេង​ទៀត​ទេ។ របស់​ដែលនាងចង់​បាន​បំផុត គឺ​ខ្សែ​ក ឬ​ខ្សែដៃ​នេះហើយ ដែលបង្ហាញពីស្នេហា ដ៏ផ្អែមល្ហែម និង​ការ​ចេះ​យក​ចិត្ត​ស្រីៗ​ពីបុរស​ផង​ដែរ។ រចនា បន្តទៀតថា កាដូប្រភេទនេះ​ជា​របស់​ដែល​មាន​ន័យ​បំផុត​ក្នុង​ថ្ងៃ​ពិសេស ដែល​ស្រី​ភាគច្រើនរំភើបចិត្តចង់ហោះ ប្រសិនបើមនុស្សដែលនាងស្រឡាញ់ទិញឱ្យ។

៣. ផ្កា

នារី​ភាគ​ច្រើន​បំផុត​គឺ​ស្រឡាញ់​ផ្កា មិនថាបាច់ផ្កា ៩៩ទង ឬមួយ​ទង​ក៏​ដោយ គឺ​នាង​ចង់​បាន​បំផុត ពី​មនុស្ស​ដែល​នាង​ស្រឡាញ់។ ផ្កា​ជា​ដំណាង​បេះដូង​ដ៏​បរិសុទ្ធ និង​ជា​ការ​បង្ហាញ​ចរិត​លក្ខណៈ​របស់​សុភាព​បុរស ដែល​ចេះ​យក​ចិត្ត​ទុក​ដាក់​លើ​រូប​នាង ហើយ​ស្រឡាញ់​នាង​ពិត​ប្រាកដ។ ស្រីៗ​អាច​ទប់​ទឹក​ភ្នែក​មិន​ជាប់ ប្រសិន​បើ​នាង​ទទួល​បាន​ផ្កា​មួយ​បាច់​ហើយ​ម្នាក់​នោះ និយាយ​ថា “បង​ស្រឡាញ់​អូន”។ នេះ​ជា​ការ​យល់​ឃើញ​បន្ថែម​ទៀត របស់កញ្ញា រចនា។

៤. គ្រឿងសំអាង

សុនីតា និស្សិតផ្នែក International relations នៅសាកលវិទ្យាល័យ​បញ្ញាសាស្រ្ដ​យល់ឃើញថា គ្រឿង​សំអាង ដូច​ជាទឹកអប់ ប្រេង ម្សៅ គឺ​ស្រីៗ​តែង​ប្រើប្រាស់​ជា​រៀងរាល់​ថ្ងៃ។ ដូចនេះ​ប្រសិន​បើ​ថ្ងៃ​បុណ្យ​ណូអែល បុរស​ដែល​នាង​ស្រឡាញ់​ ទិញ​របស់​ទាំងនេះ​ឱ្យ នាង​ពិត​ជា​រំភើប​ចិត្ត​ខ្លាំង ព្រោះ​មាន​ន័យ​ថា បុរស​នោះ​បាន​យល់​ច្បាស់​ពី​តម្រូវការ​របស់​នារី និង​យល់​ពី​សុ​ខទុក្ខ​របស់​នាង ហើយ​ជា​ពិសេស​គ្រឿង​សំអាង​ជា​តំណាង​ឱ្យ​ស្នេហា​ដ៏​ក្រអូបឈ្ងុយ ពេល​នាង​យក​ទឹក​អប់​នោះ​មក​បាញ់​ម្ដងៗ តែង​នឹក​ឃើញ​ដល់​មនុស្ស​ជា​ទីស្រឡាញ់​របស់នាង។

៥. នាំដើរផ្សារ

សុនីតា ប្រាប់ទៀតថា ដោយសារតែឆ្នាំនេះថ្ងៃបុណ្យណូអែល គឺចំថ្ងៃអាទិត្យ ដូចនេះ​ប្រសិន​បើ​នាំ​នាង​ដើរ​ផ្សារ​ជា​រឿង​ល្អ​បំផុត។ ស្រីៗ​ចូលចិត្ត​បំផុត​ការ​ដើរ​ផ្សារ ជាពិសេស​ដើរ​ជាមួយ​អ្នក​ដែល​នាង​ស្រឡាញ់​គឺ​ពិត​ជា​រ៉ូមែនទិក​បំផុត ហើយ​របស់​ដែល​ម្ចាស់​ចិត្ត​នាង​​ទិញ​ឱ្យ គឺ​ប្រៀប​ដូច​ជា​របស់​បញ្ចាំ​ចិត្ត​រវាង​អ្នក​ទាំងពីរ ដែល​នាង​នឹងថែ​រក្សា​របស់នោះ​ជា​រៀងរហូត។ប្រភព៖sabay

Loading...